ព្រៃវែង÷បើតាមការបង្ហើបពីមន្រ្តីគយនៅខេត្តព្រៃវែង បានឲ្យដឹងថា បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ ក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក មួង ដារ៉ា បណ្ដោយឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយពេញទំហឹងដោយបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។ សូម្បីតែឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តព្រៃវែង ផ្លូវជាតិលេខ1 ភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ក៏លាតត្រដាងអំពើពុករលួយរបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ដែរ។
ប្រភពស្និទ្ធនឹងលោក មួង ដារ៉ា បានឲ្យដឹងថា ដោយសារតែចំណាយដើមទុនអស់ច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តព្រៃវែង ទើបលោក មួង ដារ៉ា ប្រើគ្រប់វិធីដើម្បីប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់។ ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់ពេលនេះគឺលោក មួង ដារ៉ា មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មេៗគយតាមច្រកព្រំដែនក្នុងខេត្តព្រៃវែង នោះទេ។ ដូច្នេះហើយទើបប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ក៏ដូចជាប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី និងប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិកោះរកា ល្បីល្បាញកាន់តែខ្លាំងរឿងពុករលួយ។
តាមប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា លោក គង់ សឺឌី ប្រធានការិយាល័យគយច្រកម៉ឺនជ័យ បើកដៃឲ្យឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងរលូន។ រីឯលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុកដែរ។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ព្រោះលោក មួង ដារ៉ា កំពុងតែល្បីល្បាញខ្លាំងខាងពុករលួយ៕