ព័ត៌មានជាតិ

ផ្ទះចំនួន ២ ខ្នងដែលមានលេខរៀងទី១៥៩-១៦០ និងបង្គន់អនាម័យ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់គ្រួសារក្រីក្រ ចាស់ជរា នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង

ព្រៃវែង៖  នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តសាខា និងក្រុមការងារអនុសាខាស្រុកកញ្ជ្រៀច អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំង និងដំបូលប្រក់ស័ង្កសី និងបង្គន់អនាម័យ ចំនួន ២ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅភូមិគោកគង់កណ្តាល ឃុំគោកគង់លិច និងភូមិគោកក្រសាំង ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលឯកឧត្តម និងសម្តេច តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

ឯកឧត្តម ប្រធាន មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ  ៣កុំ ៣ការពារ និង២ចូលរួម របស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សាខា ក៏បានផ្តល់ជូននូវ អង្ករ ២៥គ.ក កន្ទេល ១ឃីត ១ កញ្ចប់(មុង ភួយ សារុងក្រមា) មី១ កេស ត្រីខ ១ យួរ ឃីតអនាម័យ ១ កញ្ចប់ (ជែល សាប៊ូ ម៉ាស់) ទឹកបរិសុទ្ធប្លូស៊ី ចំណុះ ១,៥លីត្រ ៦ដប កន្ថោរ ២ និងថវិកាក្នុង ១គ្រួសារ ៣០០,០០០រៀល(សាខាខេត្ត ថវិកាចំនួន ១០០,០០០រៀល ឯកឧត្តមប្រធាន ថវិកាចំនួន ១០០,០០០រៀល និងអនុសាខាស្រុក ថវិកាចំនួន ១០០,០០០រៀល)។ អនុសាខាស្រុក បានឧបត្ថម្ភសម្ភារៈបន្ថែមរួមមាន អង្ករ ៣០គ.ក ត្រី ខ ១យួរ មី ១កេស ទឹកស៊ីអ៉ីវ ២យួរ ថវិកាចំនួន ១០០,០០០រៀល។ នាឱកាសនោះ សាខាខេត្ត បានឧបត្ថម្ភថវិកាដល់លោកយាយ លោកតា ដែលបានចូលរួមក្នុងកម្មវិធី ចំនួន ៧៥នាក់ ក្នុង ១នាក់ ទទួល ១០,០០០រៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *