ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធីបានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ខ្ញុំបាទ បានជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកន្សោមអក អភិបាលរងខេត្ត លោកអភិបាលស្រុកកំពង់ត្របែក និងសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុក មេភូមិ មេឃុំ ជាមួយនិងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦០គ្រួសារ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីនោះឡើយ។

ដោយឡែក ការចែកអំណោយពេលនេះ ថ្វីបើមានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនជាបឋម ហើយបញ្ហាសំខាន់ដែរនោះ សូមបងប្អូនត្រូវបង្កើនការយកចិត្តទុកដាក់លើការងារបង្កបង្កើនផលបន្ថែមទៀត គឺដាំដុះចិញ្ចឹមសត្វរួមផ្សំ ដើម្បីធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងសហគមន៍ឲ្យបានកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ខ្ញុំបាទ សូមកោតសរសើរដល់ថ្នាក់ដឹក នាំសាខា អនុសាខាខេត្ត ស្រុក ដែលបានខិតខំចុះត្រួតពិនិត្យ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ហើយបានធ្វើសេចក្តីរាយការណ៍ទាន់ពេលវេលា ដើម្បីអោយក្រុមឆ្លើយតបគ្រោះមហន្តរាយចុះត្រួតពិនិត្យ ជាក់ស្តែងក្នុងការដោះស្រាយជាស្បៀង អាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលានាពេលនេះ។

ទន្ទឹមនឹងនេះ ខ្ញុំបាទ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

សារជាថ្មីម្តងទៀត ខ្ញុំបាទ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ពិសេស ចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាបច្ចុប្បន្ននេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *