ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី MIYAHARA Ai នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី MIYAHARA Ai នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារបច្ចេកទេសដើម្បីពិនិត្យ និងវាយតម្លៃរួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “Development and Dissemination of Sustainable Production System Based on Invasive Pest Management of Cassava” នៅកម្ពុជា។

បន្ទាប់ពីបានស្តាប់នូវបទបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវមួយស្តីពី “”ការការពារជំងឺរួញស្លឹក ម៉ូសាអ៊ិចដំឡូងមី” ដែលសហការស្រាវជ្រាវជាមួយសកលវិទ្យាល័យជាតិបាត់ដំបង យ៉ាងលម្អិត ដោយបណ្ឌិត KAWAKAMI Tsukasa (Project Coordinator) រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីនាយិកា និងវាយតម្លៃខ្ពស់ក្រុមការងារបច្ចេកទេសដែលបានខិតខំស្រាវជ្រាវលើប្រធានបទសំខាន់មួយនេះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាលទ្ធផលនៃការស្រាវជ្រាវនេះ គឺជាការរកឃើញថ្មីមួយទៀតទាក់ទងនឹងផលិតកម្មដំឡូងមី ជាពិសេសគឺជំងឺរួញស្លឹកម៉ូសាអ៊ិចដើមដំឡូងមីដែលកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់បាននិងកំពុងប្រឈមនាពេលនេះ ជាក់ស្តែងកម្ពុជាមាន ១០ខេត្ត ដែលកំពុងមានបញ្ហានេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា វិធីសាស្រ្តស្រាវជ្រាវដែលក្រុមការងារបានលើកឡើងសុទ្ធតែ ជាមេរៀនល្អៗសម្រាប់ប្រជាកសិករ និងម្ចាស់ចម្ការយកទៅសិក្សារៀនសូត្របង្កើនចំណេះដឹង និងបទពិសោធន៍ ដើម្បីយកទៅអនុវត្តជាក់ស្តែង ក្នុងនោះមានដូចជា ៖

១- តើអ្វីជាជំងឺរួញស្លឹកម៉ូសាអិចលើដំឡូងមី?
២- ភាពខុសគ្នារវាងជំងឺរួចស្លឹកម៉ូសាអិចលើដំឡូងមី និងរោគសញ្ញាបង្កឡើងដោយថ្នាំសម្លាប់ស្មៅ
៣- លក្ខណ:ខុសគ្នានៃការរីករាលដាលរបស់ជំងឺ
៣.១ ការរីករាលដាលតាមរយ:ការចែកចាយកំណាត់ពូជដំឡូងមី
៣.២ ភ្នាក់ងារចម្លងជំងឺរួញស្លឹកម៉ូសាអ៊ិចលើដំឡូងមី
៤- វិធីសាស្រ្តគ្រប់គ្រងជំងឺរួញស្លឹកម៉ូសាអ៊ិចលើដំឡូងមី និង
៥- វិធីសាស្រ្តគ្រប់គ្រងចម្ការដែលឆ្លងជំងឺ

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រលើលទ្ធផលទទួលបាន ដោយឡែកចំពោះបញ្ហាដែលនៅសេសសល់ ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឲ្យក្រុមការងារជំនាញខាង JICA បន្តសហការស្រាវជ្រាវជា មួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីផលិតពូជដំឡូងមីល្អមួយ ដែលធន់នឹងជំងឺរួញស្លឹកម៉ូសាអ៊ិចលើដំឡូងមី ផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អ ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជា កសិករយកទៅធ្វើការដាំដុះ និងធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

adm

Leave a Reply

Your email address will not be published. Required fields are marked *