ព័ត៌មានអន្តរជាតិ

នាយកអង្គការសុខភាពពិភពលោក WHO ខក​ចិត្ត​ចំពោះ​ចិន ដែល​មិនទាន់​អនុញ្ញាត​ឱ្យ​ក្រុមអ្នកជំនាញ​ចូល​ស្វែងរក​ប្រភព​នៃការផ្ទុះ​ជំងឺ​កូវីដ១៩នៅក្រុងវូហាន

បរទេស ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បាន​សម្តែង​ការខក​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ប្រទេសចិន ដែល​មិនទាន់​អនុញ្ញាត​ឱ្យ​ក្រុមអ្នកជំនាញ​អន្តរជាតិ​ ចូល​ទៅស្វែងរក​ប្រភព​នៃការផ្ទុះ​ជំងឺ​កូវីដ១៩ នៅក្រុងវូហាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channelnewsasia។

លោក​ថ្លែងក្នុងសន្និសីទ​កាសែតតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ​២០២១ថា «ថ្ងៃនេះ យើងដឹងថា មន្រ្តី​ចិន​នៅមិនទាន់​ផ្តល់ការអនុញ្ញាតចាំបាច់​សម្រាប់​ការ​ទៅដល់​របស់​ក្រុម​ជំនាញនេះឡើយ។ ខ្ញុំបានទាក់ទង​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​ចិន ហើយ​ខ្ញុំ​បានបញ្ជាក់​ជាច្រើនសារយ៉ាងច្បាស់លាស់​អំពី​បេសកកម្ម​ដែល​ជាអាទិភាព​មួយ​សម្រាប់​អង្គការ WHO»។

នាយក WHO រូបនេះ បន្ថែមថា សមាជិក​ក្រុមស្រាវជ្រាវ ២នាក់ បាន​ចេញដំណើរទៅប្រទេសចិនហើយ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ ក្នុងនោះមាន​ម្នាក់​ត្រឡប់មកវិញ ហើយម្នាក់ទៀត កំពុងស្ថិតនៅប្រទេសទីបីនៅឡើយ ចំណែក​អ្នកផ្សេងទៀត មិនទាន់អាច​ធ្វើដំណើរចេញទៅបានទេ។

តាមគម្រោង ក្រុមស៊ើបអង្កេតដែល​មានគ្នាពី ១២ ទៅ ១៥នាក់នេះ នឹងទៅដល់ក្រុងវូហាន នៅសប្តាហ៍ទីមួយ នៃខែមករា ឆ្នាំ​២០២១នេះ។ គេជឿជាក់ថា វីរុសនេះ​មាន​ប្រភពចេញពី​ផ្សារ​អាហារមួយកន្លែង​ដែលមានលក់សត្វព្រៃក្នុងក្រុងវូហាន ហើយ​វាបាន​ចម្លង​មកមនុស្ស៕

adm

Leave a Reply

Your email address will not be published. Required fields are marked *