ព័ត៌មានស៊ើបអង្កេត

ឈ្មួញឈើឈ្មោះ មករា មានមេក្លោងឈ្មោះងួន សុវណ្ណា នៅតែមានឥទ្ធិពលដឹកឈើចេញទៅលក់អោយយួនតាមច្រកទ្វារអូរយ៉ាដាវ យ៉ាងគឃ្លើន

ខេត្តរតនគិរី៖
ប្រភពពីពលរដ្ឋក្នុងខេត្តរតនគិរីអោយដឹងក្តៅៗនៅថ្ងៃទី២២គុម្ភះនេះថា៖ ឈ្មួញទុច្ចរឹតឈ្មោះ មករា ដែលមានមេក្លោងម្នាក់ឈ្មោះងួន សុវណ្ណាល្បីថា ទីប្រឹក្សាក្រសួងមហាផ្ទៃ កើតចេញពី(អនុក្រឹត្យលេខ០១៥ លេខរៀងទី៦១)ជាអ្នកធ្លាប់ល្បីខ្លាំងខាង កាងការពារតែបទល្មើសផងនោះចាប់ផ្តើមដឹកជញ្ជូនឈើ ចេញពីស្រុកវឺនសៃចូលមកក្រុងបានលុងខេត្តរតនគិរីត្រង់ម្តុំរង្វង់មូលយក្សឡោមដើម្បីស្តុកទុកក្នុងឃ្លាំងរួចបញ្ជូនចេញទៅ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទៅលក់អោយយួនជាថ្មីទៀតហើយ ។

គួររម្លឹកថា៖កាលពីខែមករាឆ្នាំ២០២២កន្លងទៅនេះ ឈ្មួញឈ្មោះមករា ដែលល្បីមានមេក្លោងឈ្មោះងួន សុវណ្ណា បានដឹកឈើឆ្លងដែនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវទាំងកណ្តាលថ្ងៃ  បានសម្រេចមួយវគ្គរួចទៅហើយ ដោយតាមមធ្យោបាយឡានសាំយ៉ុង។ពេលនោះតែ២សប្តាហ៍សោះ លោកមករានិងមេក្លោង ដឹកបានចំនួន៩ឡានសាំយ៉ុងជាង សម្រេចបានយ៉ាងជោគជ័យត្រចះត្រចង់គួរអោយមោទនៈភាព។ប៉ុន្តែពួកគេបានផ្អាកដឹកវិញដើម្បីចូលឆ្នាំចិន យួន។កាលណោះពលរដ្ឋសង្ស័យថាលោកយ៉ែម សំអឿន អភិបាលខេត្តរតនគិរី បើកដៃអោយឈ្មួញដឹកឈើទៅលក់នៅប្រទេសយួន  ទើបឈ្មួញឈ្មោះ មករា និងមេក្លោងឈ្មោះងួន សុវណ្ណា អាចដឹកឆ្លងច្រកទ្វារអន្តរជាតិទាំងកណ្តាលថ្ងៃបានយ៉ាងរំភើយបែបនោះ។ ឯលោកប្រធានខណ្ឌរដ្ឋបាលព្រៃឈើ ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម សមត្ថកិច្ចច្រកទ្វារអូរយ៉ាដាវ ត្រូវគេមើលឃើញថា សុទ្ធតែនាំគ្នាបាំងដៃមើលឈ្មួញប្រព្រឹត្តិបទឧក្រឹដ្ឋកម្មព្រៃឈើ ដោយទឹកមុខញញឹម ដូចផ្ការីក។រីឯអាជ្ញាធរមូលដ្ឋាន ក៏មិនហ៊ានយកជើងទ្រមេឃដូចសត្វត្រដេវុិចដែរ ព្រោះបណ្តាញឈ្មួញដើរប្រាប់ថា៖ពួកគេត្រូវគ្នាជាមួយមេៗខាងលើអស់ហើយ ហេតុនេះហើយទើបពួកគាត់សម្ងំឈឹងទៅ។
ប្រភពដដែលបន្តថា៖ចាប់ផ្តើមពីដើមខែកុម្ភៈមកនេះ ឈ្មួញធ្វើតេស្តដឹកឈើចំនួនតែកន្លះៗសាំយ៉ុងទេប៉ុន្តែទំនងជារត់ផ្លូវអស់ច្រើន គឺដល់ទៅជាង៤លានរៀលឡានមួយផ្ទុកតែកន្លះឡាន ក្នុងការដឹកឈើប្រភេទ (ស្រឡៅ  សុក្រំ ធ្នង់)  ពីស្រុកអណ្តូងមាស និង ស្រុកអូររាំងនិងស្រុកវឺនសៃ ឆ្លងតាមមុខប៉ុស្តិ៍រដ្ឋបាល​ព្រៃឈើ ប៉ុស្តិ៍ប្រចាំការបរិស្ថាន ប៉ុស្តិ៍ប៉ូលីស ទាហ៊ាន ចូលទីប្រជុំជន ហើយឆ្លងទីរួមខេត្តខេត្តរតនគិរី បន្ទាប់មកសំដៅទៅច្រកទ្វារអូរយ៉ាដាវ រត់ការអស់លុយចំណេញឥឡូវចាប់ផ្តើមដាក់ពេញៗឡានវិញ ហើយដឹកឆ្លងដែនដោយរលូនដូចពីខែមករាទៀតហើយ។


ឯកឧត្តម យ៉ែម សំអឿនអភិបាលខេត្តរតនគិរី និង លោក ថាវ យ៉េន មេបញ្ជាអាវុធហត្ងខេត្តរតនគិរី ដែលពលរដ្ឋធ្លាប់ដាក់ការសង្ស័យថា ជាបុគ្គលមានអំណាចខ្លាំងប្រចាំខេត្តរតនគិរី  នៅពីក្រោយខ្នងឈ្មួញទុច្ចរឹតបំផ្លាញជាតិឈ្មោះមករា និងមេក្លោងលោកងួន សុវណ្ណា ផ្គើនបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រីនោះ ពេលនេះហាក់មានឥរិយាបទបែបព្រងើយដូចកាលពីខែមករាដដែល?។ តើពិតជាគួរអោយពលរដ្ឋសង្ស័យថាលោកចៅហ្វាយខេត្តរតនគិរីនិងលោក ថាវ យ៉េន នៅពីក្រោយការរកសុីបទល្មើសព្រៃឈើរបស់លោកមករា ដែលមានមេក្លោងងួន សុវណ្ណា នោះដែរឬទេ សួរទៅមើល?ខណៈឈ្មួញធ្វើសកម្មភាពដឹកឈើល្បីពេញខេត្ត ពុំឃើញលោកទាំងពីរ កម្រើកខ្លួន បញ្ជាអោយមានការទប់ស្កាត់បែបនេះ?សមដែរឬទេ? ។

adm

Leave a Reply

Your email address will not be published. Required fields are marked *