ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនតូច ចំនួន ៣០ គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅស្រុកមេសាង ខេត្តព្រៃវែង

ព្រៃវែង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដឹកនាំដោយ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាតំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អញ្ជើញចុះសួរសុខទុក ស្ត្រីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនតូច ចំនួន ៣០ គ្រួសារ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ ពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវី19 ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ ដែលធ្វើនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លៃនៅក្នុងឱកាសនោះ ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តក៏បានលើកឡើងនូវសារសំខាន់ៗនៅក្នុងសារលិខិតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ឯកឧត្តម ឧកញ៉ា បានមានប្រសាសន៍ថា យើងត្រូវការចាំបាច់ ជាទីបំផុតការរួមកម្លាំងគ្នា និងការធ្វើតាមគ្រប់លទ្ធភាពដើម្បី ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រី មានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ឱ្យ បានល្អប្រសើរឡើងវិញឱ្យបានសមស្របជាមួយនឹងប្រធានបទ នៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២នេះ។

ឯកឧត្តម ឧកញ៉ា បន្តថា ម្តាយគ្រប់រូបត្រូវទៅទទួលបានការពិនិត្យ ថែទាំចាប់ពីពេលពរពោះរហូតដល់ពេលសម្រាលនិងបន្ទាប់ពី សម្រាលកូនហើយត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងកូន រហូតដល់កូនមានអាយុពីរឆ្នាំ។

ឯកឧត្តម ឧកញ៉ា បានលើកឡើងថា ជាមួយនឹងទស្សនៈដែលបានដាក់ចេញ និងក្នុងបរិបទនៃជំងឺកូ វីដ-១៩ បច្ចុប្បន្នដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវ “រស់នៅ តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ សូម អំពាវនាវឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទៀងទាត់ ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួល ថ្នាំបង្ការជំងឺតេតាណូស និងថ្នាំបង្ការជំងឺកូវីដ-១៩ ទទួលយក សេវាបង្ការព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្ត ធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីរូបគ្នាលុបបំបាត់ការចម្លងមេរោគពីម្តាយទៅកូន។

ឯកឧត្តម ឧកញ៉ា ក៏បានផ្តាំផ្ញើ ម្តាយៗទាំងអស់ត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឬឆ្មបជំនាញដែលទទួលបានការ បណ្ដុះបណ្ដាលត្រឹមត្រូវ និងទៅពិនិត្យសុខភាពក្រោយពេល សម្រាលទាំងមាតា ទាំងទារកយកកូនទៅទទួលវ៉ាក់សាំងបង្ការ ជំងឺទាំង១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដាន សុខភាពនិងការលូតលាស់របស់កូន រហូតដល់កូនមានអាយុ ពីរឆ្នាំ។  និងសូមមាតាគ្រប់រូប បំបៅកូនដោយ ទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាម រហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង រួមជាមួយការបន្តបំបៅ ទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។ ប្រញាប់ យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ ណាមួយនៃជំងឺរលាកផ្លូវដង្ហើមជំងឺរាគ ឬជំងឺផ្សេងទៀត និង យកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់ សោះទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅ មន្ទីរពេទ្យ។

ក្នុងនោះសាខាក៏បានផ្ដល់ជូននូវអំណោយ ដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនតូច ក្នុងម្នាក់ទទួលបាន មី, ត្រីខ, ទឹកសុទ្ធ, ឃីតអនាម័យមួយកញ្ចប់, និងថវិកា ៥ ម៉ឺនរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *