ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សាចំនួន០២ ខ្នង ស្មើនឹង១១បន្ទប់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង

ព្រៃវែង៖ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សានាគរង្ស៊ី ចំនួន០១ ខ្នង ស្មើនឹង០៦បន្ទប់ និងអគារសាលាបឋមសិក្សាពងពស់ចំនួន ០១ខ្នង ស្មើនឹង ០៥បន្ទប់ ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្រោយអំពីបានស្តាប់របាយការណ៍លោកអភិបាលស្រុករួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាអគារសាលាបឋមសិក្សាថ្មីទាំងពីរ ដែលសម្ពោធនាថ្ងៃនេះ គឺមានគុណតម្លៃខ្ពស់សម្រាប់លើកកម្ពស់ដល់វិស័យអប់រំនៅប្រទេសកម្ពុជា និងដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្មួយៗ ចៅៗ ក្នុងសិក្សា រៀនសូត្រ ក្រេបយកចំណេះវិជ្ជា បង្កើនចំណេះដឹង ដើម្បីក្លាយខ្លួនជាសរសទ្រួងនៃប្រទេសជាតិ។

សម្ដេចក្រឡាហោម បានប្រសាសន៍លើកឡើងថា ប្រភពនៃចំនេះដឹង​ គឺកេីតចេញពីការខិតខំប្រឹងប្រែងរបស់ ក្មួយៗ​ចៅៗ ក្នុងការខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹង​ គឺដេីម្បីអភិវឌ្ឍន៍ខ្លួន​ ឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។  ពិតណាស់​ ការខិតខំប្រឹង​ប្រែ​ង​ តែងតែទទួលបានជោគជ័យ​ ហេីយគ្មានជោគជ័យណា​ កេីតចេញពីការមិនខិតខំប្រឹងប្រែងនោះទេ​ ។ ដូច្នេះ ក្មួយៗ ចៅៗ សិស្សានុសិស្ស​ ត្រូវតែខិតខំប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ នឹងជួយអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

សម្តេចក្រឡាហោម បានផ្តាំផ្ញើដល់ ក្មួយៗ ចៅៗ ជាសិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន​ ដែលជាឃាតករលាក់មុខយ៉ាងសាហាវ ដែលធ្វេីឲ្យអ្នកដែលបានប្រេីប្រាស់​ ក្លាយជាមនុស្សមួយផ្សេងៗទៀត​ ធ្វេីឲ្យបាត់បងសតិអារម្មណ៍​ ហា៊នធ្វេីអ្វីៗទាំងអស់​ មួយវិញទៀត​វាធ្វេីឲ្យប៉ះពាល់ដល់កត្តិយសក្រុមគ្រួសារ​ និងសង្គមជាតិទាំងមូល។

សម្ដេចក្រឡាហោមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការនាៗ ដើម្បីបង្កាការពារ និងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺ covid-19 នៅក្នុងប្រទេសកម្ពុជាយើង។
សម្ដេច ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខឲ្យបានគ្រប់គ្នា។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមបានបន្តគូសបញ្ជាក់ជាថ្មីទៀតអំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ក្នុងនោះសម្ដេចបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការរួមកម្លាំងសាមគ្គីគ្នាគាំទ្រការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសការនាំចូលសារធាតុផ្សុំគីមីមកផលិតកែច្នៃជាគ្រឿងញៀន។

សម្ដេចបានចាត់ទុកបញ្ហាគ្រឿងញៀននេះជារឿងគ្រោះថ្នាក់ធំនាពេលខាងមុខ ប្រសិនបើមិនរួមគ្នាចាត់វិធានការនាពេលនេះនោះទេ។

adm

Leave a Reply

Your email address will not be published. Required fields are marked *