ព័ត៌មានជាតិ

គ្រួសារចាស់ជរា ក្រីក្រ ចំនួន ៣០ គ្រួសារ នៅក្នុងឃុំពានរោងបានទទួលអំណោយសម្តេចតេជោនិងសម្តេចក្រឡាហោម ស ខេង

 

ព្រៃវែង៖ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម លឹម សុខារស្មី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពានរោង និងលោក  ប៉ិច  សុង អភិបាលស្រុកស្វាយអន្ទរ រួមជាមួយនិងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយក អំណោយ និងឃីត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ផ្តល់ជូនដល់គ្រួសារចាស់ជរា ក្រីក្រលំបាក ចំនួន ៣០ គ្រួសារ នៅក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខលោកយាយ លោកតា   នោះ ឯកឧត្តម លឹម សុខារស្មី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពានរោង បានពាំនាំនូវសេចក្តីនឹករឭកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ គ្រប់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយ បក្សពួកនិយមអ្វីឡើយ។

ទាំងនេះគឺបង្ហាញឲ្យឃើញថា គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្តទុកដាក់ថែទាំចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈគ្រប់ កាលៈទេសៈគ្រប់ពេលវេលា ដោយមិនទុកបងប្អូនម្នាក់ចោលនោះទេ ។

ឯកឧត្តម មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសកុំធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងត្រូវចូលរួមអនុវត្តតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ​ ៣កុំ​ ៣ការពារ​ និង២ចូលរួម ឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា៖ សម្ភារៈដែលផ្តល់ជូនលោកយាយ លោកតា ទាំង ៣០ គ្រួសារនោះ ដោយលោកយាយ លោកតា ចាស់ជរា ចំនួន ១០ គ្រួសារ ទទូលបាន ម៉ុង,ភួយ ,កន្ទេល,ក្រមា, សារ៉ុង, អាវរងា និងថវិកា ២ ម៉ឺនរៀល។ ដោយឡែក លោកយាយ លោកតា ចាស់ជរាក្រីក្រលំបាក  ចំនួន ២០ គ្រួសារ ទទូលបាន អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ទឹកត្រី ១ យួរ, ត្រី ខ ១ យួរ, និងថវិកា ២ ម៉ឺនរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *