ព័ត៌មានស៊ើបអង្កេត

សង្ស័យលោក ហាន សុខន នាយកដែនជម្រកសត្វព្រៃកែវសីមា បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញកាប់ និងអារឈើដឹកលក់ កើនឡើងយ៉ាងអនាធិបតេយ្យ

(ខេត្តមណ្ឌលគិរី)% សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានអះអាងដឹងថា បច្ចុប្បន្នមានឈើអារច្រៀករួច ត្រូវបានក្រុមឈ្មួញដឹកតាមរយ:គោយន្តចេញពី ឃុំស្រែឈូក នៃដែនជម្រកសត្វព្រៃកែវសីមា ខណៈប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ ដែលសមត្ថកិច្ចជំនាញការពារព្រៃឈើហាក់ដូច ជានៅស្ងៀមទ្រឹង បើកភ្លើងខៀវឲ្យមានបទល្មើសព្រៃឈើកើនឡើងយ៉ាងអនាធិបតេយ្យ។

មហាជនរិះគន់ចំៗថា មានពេលខ្លះ ពួកគេឃើញក្បួនគោយន្តកន្ត្រៃដឹកឈើទាំងនោះ បើកស្ទើរតែកិនស្នាក់ការបរិស្ថានល្ហូតទៅហើយ ក៏គេមិនដែលឃើញមន្ត្រីបរិស្ថាននៅក្នុងទីស្នាក់ការនោះចេញមកទប់ស្កាត់ និងបង្ក្រាប ។

ប្រភពបន្តទៀតថា ឈ្មួញសំខាន់ៗដែលបានឃុបឃិតគ្នា កាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វដ៏មានតម្លៃចុងក្រោយរបស់ប្រទេសនោះរាប់ត្រួសៗ ទី១ឈ្មោះ យាយ ធាវ ទី២ ឈ្មោះ បញ្ញា ទី៣ ស្នា ទី៤ យាយ មានជ័យ និងទី៥ឈ្មោះ ផល្លា ។

ទាក់ទងបញ្ហានេះលោក ហាន សុខន (ហៅថា)នាយកដែនជម្រកសត្វព្រៃកែវសីមា ពេលអ្នកយកព័ត៌មានយើងទាក់ទងសុំការបំភ្លឺតាមទូរស័ព្ទលោកឆ្លើយថា ច្រឡំលេខ ។
ចំណែកលោក កែវ សុភ័គ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី២៦ ខែមករា នេះថា ម្សិលមិញសមត្ថកិច្ចចាប់ឈើអារបាន៣គោយន្តដែរ ។


ជាមួយគ្នាលោកក៏បានថ្លែងទទួលស្គាល់ដែរថា រឿងបង្ក្រាបបទ ល្មើសពិតជាមានការខ្វះចន្លោះមែន ដោយសារតែដែនជម្រកសត្វធំ ស្នាក់ការនៅឆ្ងាយពីគ្នា ហើយកម្លាំងប្រចាំស្នាក់ការនីមួយៗតិចទៀតគឺមានតែ២-៣នាក់ប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយលោកថា បើស្ថានការចាំបាច់លោក នឹងប្រើប្រាស់កម្លាំងចម្រុះមានមន្ត្រីដែនជម្រកសត្វ និងមន្ទីរចុះធ្វើការងារតែម្ដង ។

មានគេនិយាយថា ដែនជម្រកសត្វព្រៃកែវសីមា មានទំហំផ្ទៃព្រៃសរុប ២៩២,៦៩០ហិកតា វាពុំត្រឹមតែជាតំបន់ការពារ ធម្មជាតិដែលសំបូរដោយសត្វព្រៃ និងជីវៈចម្រុះប៉ុណ្ណោះទេ ក្នុងមួយឆ្នាំៗក្រសួងបរិស្ថានក៏បានប្រមូលឥណទានយ៉ាងក្រាសក្រែលណាស់ដែរ ពីការលក់កាបូន នៅក្នុងតំបន់នេះ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *