ព័ត៌មានជាតិ

ស្ថានទូតអាមេរិកថា បញ្ហារឿងសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩

(ភ្នំពេញ)៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានក្នុងស្រុកថា បញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថា ស្ដង់ដារសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។

លោក Chad Roedemeier បានបញ្ជាក់ថា ស្ថានទូតមិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាមេរិកនោះទេ តែលោកថា ករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា West Point បកស្រាយរួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ដែលពេលនោះប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៅសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point លោក Christopher Ophardt បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៩ថា ការអនុញ្ញាតដល់សិស្សអន្តរជាតិបានមកសិក្សានៅសាលាបណ្ឌិតសភាអាមេរិក West Point គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិក។ ហើយរបៀបនៃជ្រើសរើស ការសិក្សា និងបណ្ដុះបណ្ដាលយោធា គឺដូចគ្នាទៅនឹងសិស្សជនជាតិអាមេរិកដូចគ្នា។ គ្មានការបែងចែកសិស្សកម្រិត២ ឬសិស្សទទួលបានការយោគយល់នោះទេ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថា សញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីអាមេរិក គឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញបត្រយោគយល់ ដោយថាដើម្បីការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក។

ការលើកឡើងរបស់សម្ដេចតេជោបែបនេះដោយរំលឹកពីការវាយប្រហារលើសញ្ញាបត្រដែលកូនប្រុសរបស់សម្ដេចតេជោ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានលោក សម រង្ស៊ី លើកឡើងមកវាយប្រហារជានិច្ចជាកាល។

សម្ដេចតេជោស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបកស្រាយករណីដែលចោទប្រកាន់នេះដោយថាដើម្បីការពារកិត្តិយសវិស័យអប់រំរបស់អាមេរិក។

សម្ដចតេជោថ្លែងថា៖ «អាចនឹងនិយាយបានទេពីបញ្ហាហ្នឹង! ដែលថាសាល West Point មានកម្រិតជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រកិត្តយស។ តើសហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលាអាមេរិក? មិនមែនការពារ ហ៊ុន ម៉ាណែត ទេ! គឺការពារសាលា។ […] អញ្ចឹងទេគឺមានតែសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីការស្ថាប័នអបរំរបស់ខ្លួនគឺមានតែចេញមកបញ្ជាក់អញ្ចឹងទៅ។ហើយបើថា ចេញមកបញ្ជាក់អញ្ចឹងទៅហាក់បីដូចជាវាយប្រហារចំពោះអ្នកដែលបាននិយាយ។ អើ! អញ្ចឹងទុកអញ្ចឹងទៅ យើងក៏សម្គាល់មើលអាហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬគេការពារមនុស្សខិលខូច? យើងក៏សម្គាល់មើលរឿងហ្នឹងដែរ» ។

កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើកឡើងថា សញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ករបស់សហរដ្ឋអាមេរិក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីលស្ដូលនៅចក្រភពអង់គ្លេស គឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។

បន្ទាប់មកដើម្បីការពារលើសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថា លោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃ ដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើនយោបាយទៅ ព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនមិនមែនជាគំរូរបស់ពលរដ្ឋ៕

ប្រភព៖ EAC News

adm

Leave a Reply

Your email address will not be published. Required fields are marked *