ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណាងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម សមាគមចុងភៅ សមាគមភោជនីយដ្ឋាន សមាគមសណ្ឋាគារ សម្ព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុនបច្ចេកទេសប្រព័ន្ធស្រោចស្រព្វ និងវិស័យធនាគារ គម្រោងគាំទ្រជាដៃគូ

នៅក្នុងស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណាងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម សមាគមចុងភៅ សមាគមភោជនីយដ្ឋាន សមាគមសណ្ឋាគារ សម្ព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុនបច្ចេកទេសប្រព័ន្ធស្រោចស្រព្វ និងវិស័យធនាគារ គម្រោងគាំទ្រជាដៃគ (Harvest II, ASPIRE, Chain, BFP, AIMS, CAVAC) អ្នកបោះដុំ និងអ្នកលក់រាយតាមផ្សារទំនើប មន្រ្តីជំនាញ បងប្អូនតំណាងកសិករដាំបន្លែនៅទូទាំងប្រទេស។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាបពីសមិទ្ធផលសំខាន់ៗទាក់ទងនឹងផលិតកម្មបន្លែដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបាន ដោយមានកិច្ចសហការជាមួយក្រុម ហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម។ល។ ក្នុងគោលបំណងលើកកម្ពស់ផលិតភាព ផលិតកម្មបន្លែ ធានាបាននូវបរិមាណ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ឈានឆ្ពោះទៅកាន់ភាពជាម្ចាស់ក្នុងការផលិត និងផ្គង់ផ្គង់បន្លែឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។ ឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុនត្រូភីខេម ហ្វ៊ុត អេន វេជីថេប៊ិ ល ឯ.ក មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីដំណើរការនៃការសាងសង់មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងខ្សែច្រវាក់ផលិតកម្ម ។

លោកឯកញ៉ា បានបន្តទៀតថា មជ្ឈមណ្ឌលនេះ បានបោះទុនវិនិយោគជា៣ ដំណាក់កាល៖ ទី១- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ទឹក អគ្គិសនី ទី២- ការសាងសង់ និងដំឡើងផ្ទះសំណាញ់ ថ្នាលបណ្តុះ កូនបន្លែ និងប្រតិបត្តិការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និង ទី៣- ការសាងសង់ទីតាំងលាងសម្អាត វេចខ្ចប់ និងរក្សាទុកបន្លែក្នុងទូត្រជាក់។ មជ្ឈមណ្ឌលនេះមានតួនាទី ៖ ១- ជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងចាប់ដៃគូជាមួយកសិករ សហគមន៍កសិកម្ម និងបណ្ដុំក្រុមផលិត តាមរយៈកិច្ចសន្យាកសិកម្ម ដោយក្រុមហ៊ុនផ្តល់ធាតុចូលកសិកម្ម និងបច្ចេកទេស ព្រមទាំងប្រមូលទិញបន្លែទាំងអស់ត្រឡប់មកវិញ ២- ធ្វើការលាងសម្អាត វេចខ្ចប់ រក្សាទុកបន្លែដែលប្រមូលបានទាំងនៅក្នុងមជ្ឈមណ្ឌល និងតាមកិច្ចសន្យាកសិកម្មជាមួយកសិករគោលដៅតាមខេត្ត ៣- ដឹកជញ្ជូនបន្លែសុវត្ថិភាព តាមរថយន្តត្រជាក់ ដាក់តាមផ្សារទំនើបតូច-ធំ និងគេហដ្ឋាន ៤- ធ្វើផែនការទីផ្សារជាក់លាក់ ផ្សារភ្ជាប់ជាមួយផ្សារទំនើប ម៉ាតតូចៗ និងទីផ្សារទៀត ៥- ប្រែក្លាយមជ្ឈមណ្ឌលនេះជា កន្លែងបង្ហាញ ពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសទំនើប បែបពាណិជ្ជកម្មដល់សាធារណជន ជាពិសេសភាគីពាក់ព័ន្ធនឹងអនុវិស័យបន្លែ និង៦- រៀបចំផែនការបង្កើតផ្សារបោះ ដុំនៅកម្ពុជា បន្ទាប់ពីបន្លែសុវត្ថិភាពមានគុណភាព និងបរិមាណគ្រប់គ្រាន់បំពេញតម្រូវការក្នុងស្រុក ព្រមទាំងទទួលបានការគាំទ្រ ពីអតិថិជនតាមការបញ្ជាក់ទទួលស្គាល់ជាបន្លែសុវត្ថិភាព។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបាន ដូចអ្វីដែលឯកឧត្តម ងិន ឆាយ បានរាយការណ៍ជូនជ្រាបខាងដើម និងលោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន លោក លូ ម៉េង តំណាងសហព័ន្ធទេសចរណ៍កម្ពុជា និងលោក Arnaud Darc តំណាងសមាគមភោជនីយដ្ឋានកម្ពុជា ដែលបានបង្ហាញពីមោទនភាព ឆន្ទ:គាំទ្រ និងលើកទឹកចិត្តធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខ្សែច្រវាក់តម្លៃបន្លែតាម CamGAP ដំណើរការទៅដោយរលូន និងសម្រេចបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថាព្រឹត្តិការណ៍នាពេលនេះ គឺពិតជាឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីរួមចំណែកបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជួបនីយកម្មកសិកម្មនៅកម្ពុជា។ បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូមួយចំនួន បាននិងកំពុងជំរុញលើកទឹកចិត្តកសិករឱ្យផលិតបន្ថែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូល និងដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក។

ឆ្លើយតបតាមការចង់បាន គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ កម្ពុជាមានសហគមន៍កសិកម្មចំនួន ១ ២១៧ និងសមាជិកសរុប ចំនួន ១៥៥ ៨៥៩នាក់ ដើមទុនសរុបចំនួន១០២ ៣៩០ ០៥៥ ៧៦៧ រៀល និងបានបង្កើត និងចុះបញ្ជីសហភាពសហគមន៍កសិកម្មចំនួន ១៥ ដែលមានសមាជិកសរុបចំនួន ២៧៦ មានដើមទុន សរុបចំនួន ៣ ៣៨២ ៩៩៧ ៣៤៣ រៀល ដែលសហគមន៍កសិកម្មទាំងនោះ ពិតណាស់បាននិងកំពុងដើរតួនាទីផលិតបន្លែសុវត្ថិភាព បន្លែសរីរាង្គ ផ្លែឈើ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក តាមរយ:ការអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ដោយប្រើប្រាស់ផ្ទះសំណាញ់ និងHydroponic។

រីឯការចុះកិច្ចសន្យាផលិតកម្មកសិកម្មរវាងកសិករ សហគមន៍កសិកម្ម និងវិស័យឯកជនមានចំនួនកើនឡើង ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២១ កសិករដែលទទួ លបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ CamGAP មានចំនួន ៣០៩ចម្ការ/កសិដ្ឋាន ដែលបានអនុវត្តតាមបទដ្ឋានបច្ចេកទេសទទួលបានទិន្នផលខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាព។

តែទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កង្វះបរិមាណបន្លែសុវត្ថិភាពសម្រាប់ផ្គត់ ផ្គងឲ្យទីផ្សារក្នុងស្រុកនៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន ផ្នែសាធារណៈ ផ្នែកឯកជន និងផ្នែកអ្នកផលិត ត្រូវតែរួមសហការគ្នាដើម្បីដោះស្រាយបញ្ហានេះ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន និងអនាគត។ ក្នុងនាមឲ្យក្រសួង និងក្នុងនាមខ្លួនលោកផ្ទាល់ លោកបានគាំទ្រ និងលើកទឹកចិត្ត និងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងវិនិយោគក្នុងវិស័យសាកវប្បកម្ម ជាពិសេសនៅក្នុងខ្សែច្រវាក់តម្លៃដំណាំបន្លែសុវត្ថិភាព ដើម្បីជំរុញផលិតកម្មមួយនេះ ឱ្យបានកាន់តែរីកចម្រើនសំដៅឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដោយត្រូវជំរុញឲ្យអនុវត្ត CamGAP និង CamOrg។

ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារ CamGAP និងជាពិសេសទិសដៅអនុវត្តបន្តដើម្បីអភិវឌ្ឍវិស័យសាក វប្បកម្ម (បន្លែ) ឲ្យស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាព លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញខ្សែច្រវាក់តម្លៃ ឱ្យមានវិសាលភាពកាន់តែទូលំទូលាយឆ្លើយតប ទៅនឹងបម្រែបម្រួលអាកាសធាតុ និងបរិយាប័ន ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនផងដែរជូនដល់អគ្គនាយកដ្ឋានកសិកម្ម មន្រ្តីជំនាញ ក្រុមហ៊ុនផលិត ដៃគូអភិវឌ្ឍន៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុ សហគមន៍ និងប្រជាកសិករ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុននេះ បានចុះ MOU ជាមួយអគ្គនាយកដ្ឋានកសិកម្ម ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ដោយប្រើប្រាស់ដីទំហំ៦ហិកតា នៅក្នុងបរិវេណស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ផ្ទៃដីផលិតកម្មដំណាំបន្លែបានកើនឡើងប្រមាណពី ៥១ ៣៣៨ហ.ត នៅឆ្នាំ២០១៤ ដល់ ៦៩ ៨៥០ហ.ត នៅឆ្នាំ២០២១ និងបរិមាណផលបន្លែសរុបបានកើនជិតទ្វេដងពី ៤១៥ ២៣៩តោន នៅឆ្នាំ២០១៤ ដល់ ៨១០ ០៦៤ តោន នៅឆ្នាំ២០២១ ដោយឡែកទិន្នផលបន្លែក៏បានកើនឡើងពីប្រមាណ ៨តោន/ហ.ត នៅឆ្នាំ២០១៤ ដល់ប្រមាណជាង១២តោន/ហ.ត នៅឆ្នាំ២០២១ នេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *