ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា ហៅកាត់ថា CASIC ដើម្បីសម្តែងការគួរសម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា ហៅកាត់ថា CASIC ដើម្បីសម្តែងការគួរសមនិងរាយការណ៍ជូនជ្រាបពីសមិទ្ធផលសម្រេចបាននាឆ្នាំកន្លង និងទិសដៅអនុវត្តបន្ត។ ក្រុមការងារនេះ ដឹកនាំដោយឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មការតម្រង់ ទិសសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តមសកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងមន្រ្តីមួយចំនួនទៀត។

បន្ទាប់ពីបានជ្រាបពីសមិទ្ធផលសំខាន់ៗដែលក្រុមការងារ CASIC សម្រេចបាននាឆ្នាំកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹក នាំ និងមន្រ្តីជំនាញរបស់ CASIC រហូតសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ ហើយពិតណាស់សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់បានពីកិច្ចសហការ និងការគាំទ្រថវិកាពីដៃគូអភិវឌ្ឍន៍នានារួមមាន៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ (SDC) និងសម្ព័ន្ធបម្រែបម្រួលអាកាសធាតុកម្ពុជា (CCCA) និងដៃគូរជាតិ និងអន្តរជាតិមួយចំនួនទៀត ចូលរួមសហការគាំទ្រផងដែរ មានដូចជា Swisscontact UNCSAM CE SAIN និង SmartAgro។ល។ ឯកឧត្តមរដ្ឋមន្ត្រីបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះដៃគូអភិវឌ្ឍន៍ទាំងនោះ ហើយសង្ឃឹមថាកិច្ចសហការនេះនឹងនៅតែបន្តពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរថែមទៀត ធ្វើយ៉ាងណាឲ្យការអនុវត្តគោលការណ៍បច្ចេកទេសកសិកម្មអភិរក្សមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដី រក្សានិរន្តរភាពផលិតកម្មដំណាំ ប្រសិទ្ធភាពសេដ្ឋកិច្ច ធានាសុវត្ថិភាពស្បៀង និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត។

ឆ្លៀតឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរឲ្យឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃគណកម្មការតម្រង់ទិសសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជាឲ្យជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ និងបានលើកទឹកចិត្ត ដល់ក្រុមការងារឲ្យខិតខំបន្ថែមទៀតដើម្បីជំរុញការអនុវត្តបច្ចេកទេសកសិកម្មអភិរក្សឲ្យកាន់តែទូលំទូលាយ និងទទួលបានជោគជ័យ។

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តីក៏បានទទួលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការដែលអញ្ជើញមកពីសកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងអគ្គនាយកដ្ឋានកៅស៊ូ ពីដំណើរការវិវត្តន៍ថ្មីៗដែលអង្គភាពនិមួយៗសម្រេចបាន និងការស្នើសុំអនុសាសន៍ដឹកនាំបន្តសម្រាប់ឆ្នាំថ្មី ២០២២ ខាងមុខ។

adm

Leave a Reply

Your email address will not be published. Required fields are marked *