ព័ត៌មានជាតិ

សម្តេច ក្រឡាហោម ដឹកនាំគណប្រតិភូក្រសួងមហាផ្ទៃចុះពិនិត្យការបំពេញភារកិច្ចរបស់ប៉ុស្តិ៍នគរបាលឃុំដីឥដ្ឋ បណ្ឌិត្យសភានគរបាលកម្ពុជា និងការិយាល័យច្រកចេញចូលតែមួយ ស្រុកកៀនស្វាយ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ រួមដំណើរដោយគណៈប្រតិភូស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យការបំពេញភារកិច្ចរបស់ប៉ុស្តិ៍នគរបាលឃុំដីឥដ្ឋ បណ្ឌិត្យសភានគរបាលកម្ពុជា និងការិយាល័យច្រកចេញចូលតែមួយ ស្រុកកៀនស្វាយ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីការបំពេញភារកិច្ចរបស់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រួមទាំងគណៈប្រតិភូមិ បានស្ដាប់ការធ្វើបទបង្ហាញសង្ខេបស្ដីអំពីការងាររបស់ប៉ុស្តិ៍រដ្ឋបាល និងការងារសន្តិសុខសហគមន៍ នៅក្នុងមូលដ្ឋានឃុំដីឥដ្ឋ ក្នុងនោះសម្ដេច និងគណៈប្រតិភូស្ថាទូតអាល្លឺម៉ង់ និងស្ថានទូតអូស្ត្រាលី ក៏បានសំណេះសំណាល និងសាកសួរសំណួរខ្លះៗទៅកាន់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ និងលោកប្រធាននាយករដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួអមហាផ្ទៃ ស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតអូស្ត្រាលី បន្តដំណើរឆ្ពោះទៅកាន់បណ្ឌិត្យសភានគបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយនៅទីនោះមានការរង់ចាំទទួលបដិសណ្ឋាកិច្ចស្វាគមន៍ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និស្សិត សិស្សនគរបាល រួមទាំងកងកិត្តិយសនៃបណ្ឌិត្យសភានគរបាលកម្ពុជា។

នាឱកាសទស្សនកិច្ចបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រួមទាំគណៈប្រតិភូ បានអញ្ជើញស្ដាប់ និងទស្សនាការធ្វើបទបង្ហាញស្ដីអំពីការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ដែលធ្វើបទបង្ហាញជូនដោយឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងបន្តញ្ជើញទស្សនកិច្ចទីតាំងសំខាន់ៗ នៅក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា មុននឹងបន្តដំណើរពីបណ្ឌិត្យសភានគរបាលកម្ពុជា ឆ្ពោះមកកាន់សាលាស្រុកកៀនស្វាយ។

នៅសាលាស្រុកកៀនស្វាយ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រួមទាំងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចការិយាល័យច្រកចេញចូលតែមួយស្រុកកៀនស្វាយ ដែលមានមន្រ្តីកំពុងផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ទស្សនកិច្ចការិយាល័យច្រកចេញចូលតែមួយនាឱកាសនោះ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញជូនដោយលោកអភិបាលស្រុកកៀនស្វាយ រួមទាំងលោកប្រធានការិយាល័យច្រកចេញតែមួយ ។ សម្ដេច រួមទាំងគណៈប្រតិភូក៏បានមានប្រសាសន៍សំណេះសំណាលជាមួយមន្រ្តី និងប្រជាពលរដ្ឋដែលអញ្ជើញមកស្នើសុំសេវាផងដែរ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតពិភាក្សាគ្នាបន្ថែមទៀតជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា រួមទាំងមន្រ្តីជាន់ខ្ពស់តំណាងគណៈប្រតិភូស្ថានទូតអូស្រ្តីលីប្រចាំនៅកម្ពុជា លើការងារមួយចំនួនពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ប្រសិទ្ធផលនៃការដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងមហាផ្ទៃកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយភាគីអាល្លឺង់ និងអូស្រ្តាលី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *