ព័ត៌មានជាតិ

សមត្ថកិច្ច អះអាងថា នាយរងព្រហ្មទណ្ឌកម្រិតស្រាល ដកកាំភ្លើងមុន ទើបជនបង្ក បាញ់ប្រហារតាមក្រោយ


ភ្នំពេញ៖យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ បានអោយដឹងថា លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើករថយន្តបាំងពីមុខរថយន្តជនបង្ក រួចដកកាំភ្លើងខ្លីម៉ាក Glock ភ្ជង់ទៅលើរថយន្តក្នុងគោលបំណងមិនអោយបើកគេចខ្លួន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ។

ក្រោយមក ភាគីជនបង្កបានបើកការបាញ់ប្រហារជាច្រើនគ្រាប់ ធ្វើអោយលោក រ៉េត ស៊ីណែត ស្លាប់ នៅកន្លែងកើតហេតុ តែម្តង ហើយក្រុមជនបង្កបានបើកឡានគេចខ្លួន ។

អំពើបាញ់ប្រហារ នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

របាយការណ៍ ដដែលបន្តថា ជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បើករថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 ។ ចំណែកជនរងគ្រោះ ជិះរថយន្តម៉ាក Ford Raptor F150 ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 2BD-3738 ។

ដំណើរឿងមួយនេះ ត្រូវបានរៀបរាប់ក្នុងរបាយការណ៍ ថា ជនរងគ្រោះ និង ឈ្មោះ ង៉ាន់ ភីលីន បានចេញពីហាងស៊ុបនៅម្តុំវត្តភ្នំ ហើយជនរងគ្រោះបើករថយន្តលើមហាវិថីសហព័ទ្ធរុស្ស៊ី ពីកើតមកលិច ។

ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 ដោយនៅក្នុងរថយន្តមានគ្នាចំនួន៥នាក់ ប្រុស២នាក់ ស្រី២នាក់ និង ក្មេងតូចម្នាក់ បានបុកពីក្រោយរថយន្ត Ford របស់ជនរងគ្រោះ ផ្នែកខាងឆ្វេងបណ្តាលអោយខូចខាត ។ ចំណែករថយន្ត Lexus RX300 ខូចខាតខាងស្តាំផ្នែកខាងមុខ ។

ពេលនោះ ជនរងគ្រោះ រ៉េត ស៊ីណែត បានបើករថយន្តបាំងពីមុខរថយន្ត Lexus RX300 រួចដកកាំភ្លើងខ្លីម៉ាក Glock ភ្ជង់ទៅលើរថយន្ត Lexus RX300 ក្នុងគោលបំណងមិនអោយបើកគេចខ្លួន ។

បន្ទាប់មក ជនបង្កទាំង២នាក់ ក៏បានចុះមកចរចារជាមួយជនរងគ្រោះ ដោយព្រមព្រៀងយករថយន្ត Ford ទៅជួសជុសនៅម្តុំក្រោយពេទ្យលោកសង្ឃ ហើយក៏បានបើករថយន្តមកអែបខាងទាំងអស់គ្នា ។ ពេលនោះ មនុស្សស្រី២នាក់ និង ក្មេងតូចម្នាក់ បានជិះ Pass App ចេញពីកន្លែងកើតហេតុទៅមុន ។

ចំណែកជនរងគ្រោះ និង ឈ្មោះ ង៉ាន់ ភីលីន អង្គុយមើលរថយន្ត Ford ដែលខូចខាតក៏ស្រាប់តែជនល្មើស២នាក់ ដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌ទឹកប្រាក់ បាញ់សំដៅជនរងគ្រោះពីក្រោយបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ។

ចំណែកជនល្មើស២នាក់ បានបើកឡាន Lexus RX300 ឆ្ពោះទៅទិសខាងលិចតាមមហាវិថីសហព័ទ្ធរុស្ស៊ី គេចខ្លួន ហើយឈ្មោះ ង៉ាន់ ភីលីន បានស្ទុះមកមើលជនរងគ្រោះ ហើយដកកាំភ្លើងរបស់ជនរងគ្រោះពីក្នុងហោប៉ាវខាងស្តាំបាញ់ចំនួន៣គ្រាប់ ឡើងទៅលើ ។

ជុំវិញបញ្ហានេះ ការិយល័យបច្ចេកទេសវិទ្យាសាស្ត្រ និង ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យរាជធានីភ្នំពេញ បានធ្វើកោលស្យវិច័យ ដោយបញ្ជាក់ថា «ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្មបាញ់សម្លាប់ បង្កដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

ជាមួយគ្នានេះ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចក៏បានរកឃើញ ឡាន Lexus RX300 ដែលជារបស់ជនល្មើស ផងដែរ នៅខណ្ឌព្រែកព្នៅ តែមិនទាន់ចាប់ខ្លួនជនល្មើស បាននៅឡើយទេ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *