ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ

 

ខ្ញុំមានអារម្មណ៍រន្ធុតបំផុតក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតអំពីមរណភាពរបស់ ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលបានទទួលមរណភាពនៅយប់ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាល្ងាចម៉ោងប្រាំនិងហាសិបនាទី ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម គុយ ម៉ារិនឌី គឺជាការបាត់បង់ស្វាមី និងជាបិតា ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនមួយរូបដែលបានចំណាយពេលវេលា អស់មួយជីវិតរបស់ ឯកឧត្តម ពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យកសិកម្ម និងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលយើងខ្ញុំទាំងអស់គ្នាចងចាំជាប់ជានិច្ចក្នុងក្រអៅបេះដូងនូវគុណូបការៈ ដ៏ថ្លៃថ្លានេះពុំអាចបំភ្លេចបានឡើយ។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គុយ ម៉ារិនឌី ប្រកបដោយសមានទុក្ខ និងក្តីសង្វេគរកទីបំផុតគ្មាន និងសូម ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយពាំនាំដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម គុយ ម៉ារិនឌី ស្ថិតនៅតាមជួយថែរក្សាដល់ក្រុមគ្រួសារ និងបានទៅចាប់ បដិសន្ធិក្នុងសុគតិភពជារៀងរហូត។

និងក្នុងនាមរូបខ្ញុំផ្ទាល់ សូមសម្តែងនូវសមានចិត្តដ៏សែនក្ដុកក្ដួល សោកស្តាយស្រណោះអាឡោះអាល័យក្រៃលែង ជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ និងបុត្រា ជាទីស្រឡាញ់ បងប្អូន ញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ។

សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារសពឯកឧត្តម គុយ ម៉ារិនឌី មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីយើងខ្ញុំ។

adm

Leave a Reply

Your email address will not be published. Required fields are marked *