ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាស្រុកកំណើតផ្ទាល់របស់សព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត។

ពិធីបញ្ចុះសពបានប្រារព្ធធ្វើ តាមបែបព្រះពុទ្ធសាសនា ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ និងការអញ្ជើញចូលរួមពីឥស្សរជនជាតិជាន់ខ្ពស់ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន អាជ្ញាធរខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងសេចក្តីក្តុកក្តួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា។

ទំាងសម្តេចប្រធានរដ្ឋសភា និងអ្នកបានចូលរួមទំាងអស់មានសេចក្តីក្តុកក្តួលរំជួលចិត្តជាខ្លំាងចំពោះការបាត់បង់ រូបឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវលោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋ ប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ ជារហូតមក។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទទួលមរណភាព នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *