ព័ត៌មានជាតិ

កម្ពុជាបច្ចុប្បន្នមានបក្សីរនាលពណ៌ចំនួនសរុបប្រមាណ ២៥០០គូ ស្មើ២០% នៃចំនួនរនាលពណ៌សរុបនៅតំបន់អាស៊ីអាគ្នេយ៍ និងស្មើ១២%​ នៃចំនួសរុបលើពិភពលោក

រនាលពណ៌ មានឈ្មោះជាភាសាអង់គ្លេស Painted Stork និងឈ្មោះវិទ្យាសាស្រ្ត Mycteria leucocephala។ រនាលពណ៌ ជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក ក្នុងបញ្ជីក្រហមរបស់ IUCN ហើយប្រភេទនេះមានវត្តមាននៅប្រទេសនេប៉ាល់ ឥណ្ឌា បងក្លាដេស ស្រីលង្កា ចិន មីយ៉ាន់ម៉ា​ ថៃឡាវ វៀតណាម និងកម្ពុជាយើង។ វាមានប្រវែងខ្លួន៩៣-១០២ស.ម ខ្លួនពណ៌ស ស្លាបទី១ និងទី២ពណ៌ខ្មៅ ចុងខ្នងពណ៌ផ្កាឈូក វ័ណ្ឌខ្មៅលើដើមទ្រូង ចំពុះធំវែងលឿងកោងខុបចុះបន្តិច។

ពេលបន្តពូជ៖ ស្បែកក្បាលឡើងក្រហម ចំពុះពណ៌លឿង។ ទីជម្រក៖ ភាគច្រើននៅតាមតំបន់ដីសើមដូចជា តំបន់ព្រៃលិចទឹក ទំនាបលិចទឹក តំបន់វាលភក និងតំបន់ឆ្នេរជាដើម ហើយមានបនា្ទយពងកូនតែមួយគត់នៅ កម្ពុជា គឺនៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាតំបន់ស្នូល នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ហើយក៏ជាបន្ទាយពងកូនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ ​

ជីវសាស្ត្រ៖ វាចូលចិត្ត បន្តពូជ រស់នៅ និងរកចំណីជាហ្វូងៗរួមគ្នា។

របាយ៖ មានវត្តមានពេញមួយឆ្នាំ។

រដូវបន្តពូជ៖ ចាប់ពីខែ វិច្ជិកា ដល់ ខែឧសភា ពងចំនួនពី២-៥។ បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប ប្រភេទនេះផ្លាស់ទី​ទៅកាន់តំបន់ដីសើមផ្សេងៗទៀតក្នុងប្រទេស និងប្រទេសជិតខាង ដើម្បីរកចំណី។

កត្តាគំរាមកំហែងសំខាន់ៗទៅលើប្រភេទនេះគឺ៖ ការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស។

ប្រភេទរនាលពណ៌ត្រូវបានការពារយ៉ាងតឹងរឹង​ដោយ មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ជាពិសេសកន្លែងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ដែលជាតំបន់ការពារធម្មជាតិ ហើយក៏បាន​អនុវត្តកម្មវិធីពិនិត្យ អង្កេតតាមដានពីបម្រែបម្រួលចំនួនរបស់ប្រភេទនេះផងដែរ ដែលបច្ចុប្បន្នមានចំនួនសរុប២៥០០គូ ដែលចំនួននេះស្មើ២០% នៃចំនួនសរុបនៅតំបន់អាស៊ីអាគ្នេយ៍ និងស្មើ១២%​ នៃចំនួសរុបលើពិភពលោក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *