ព័ត៌មានជាតិ

ជំនួបចរចាសីហនុ-ហ៊ុន សែន បង្កើតសមិទ្ធិ ផលជាប្រវត្តិសាស្រ្តនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស


ភ្នំពេញៈថ្ងៃនេះ២៣ខែតុលាឆ្នាំ២០២១ ដែលជាគម្រប់ខួប ៣០ឆ្នាំ នៃកិច្ចព្រម ព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។ជាសច្ចធម៌ប្រវត្តិសាស្រ្ត​​​​ដែលពុំអាច​​បំភ្លៃ​​បាននោះ គឺមុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង។ មានជំនួបនេះទើបឈានទៅដល់កិច្ចចរចា សីហនុ-ហ៊ុនសែនបន្តបន្ទាប់មកទៀតនិងបានមកដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។


នៅលើបណ្តាញសង្គមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១បានសរសេរថា “អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា”។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួប ៣០ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២១)នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស។ ៣០ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមានសម្តេច តេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំងក្រោមវត្តមានសាក្សីមកពី១៨ប្រទេសរួមទាំង អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។


សម្តេចតេជោបានគូសបញ្ជាក់ថា “មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយ ព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ហើយបន្ទាប់មកក៏មានកិច្ចចរចា បន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត”។

ទំព័រហ្វេសប៊ុកដដែលបានរំលឹកថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែនប៉ុន្តែ សង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបាន ស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ។

adm

Leave a Reply

Your email address will not be published. Required fields are marked *