ព័ត៌មានជាតិ

ថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ាននេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលចំនួន០២ទៀត

  កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបិទបញ្ចប់ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ។ នៅថ្ងៃនេះ មុននឹងឈានដល់ការបិទបញ្ចប់កិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំចំនួន០២ទៀត គឺកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។ កិច្ចសន្ទនាអាស៊ានជាសាកល នឹងមានការយាង និងអញ្ជើញចូលរួមដោយមេដឹកនាំ កំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកល ជាច្រើនទៀត មានដូចអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍអាស៊ី ADB, វេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជាដើម។ ដោយឡែកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងមានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកំពូលអាស៊ាន ជាមួយមេដឹកនាំប្រទេសចំនួន៨ផ្សេងទៀត រួមមាន ចិន អាមេរិក រុស្ស៉ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទាំងពីរខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣

Read more