ព័ត៌មានជាតិ

ឯកឧត្តម​ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រជុំទ្វេភាគីជាមួយអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម​ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម តាមប្រព័ន្ធវីដេអូ។ ក្នុងជំនួបនោះ ភាគពីរទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានភាពជំងឺកូវីដ- ១៩ ជាពិសេសការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ភាគីទាំងពីរ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាក្នុងការបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ពិសេសកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងកងទ័ពប្រទេសទាំងពីរ ក្រោយស្ថានភាពកូវីដ-១៩ បានធូរស្រាល។ ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញ ឧត្តមសេនីយ៍បម្រុង ង្វៀន តឹងគឿង ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕

Read more